ប្រទេសឡាវ
ប្រទេសលាវ ឬ ប្រទេសឡាវមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
(ສາທາລະນະລັດປະຊາທິປະໄຕປະຊາຊົນລາວ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ)។ ប្រទេសលាវជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសលាវមានព្រំដែន ខាងជើងឆៀងខាងលិចជាប់ប្រទេសចិន និង មីយ៉ាន់មា (ភូមា) ខាងកើតជាប់វៀតណាមខាងត្បូងជាប់ប្រទេសកម្ពុជានិងខាងលិចជាប់ប្រទេសថៃ ។ ប្រទេសលាវគ្មានព្រំដែនជាប់សមុទ្រទេ។ ប្រទេសលាវមានប្រវត្តិសាស្ត្រតមកពីរាជាណាចក្រឡានសាង (រាជអាណាចក្រលានជាង គឺរាជាណាចក្រដំរី ១ លាន) ដែលចាប់កំណើតឡើងនៅគ្រិស្តសតវត្សរ៍ទី ១៤ ដល់ គ្រិស្តសតវត្សរ៍ទី ១៨។ បន្ទាប់ពីឆ្លងកាត់របបអាណាព្យាបាលបារាំងរួចមក ប្រទេសលាវបានទទួលឯករាជ្យនៅឆ្នាំ ១៩៤៩។ បន្ទាប់មក សង្គ្រាមស៊ីវិលបានបន្តរហូតដល់ឆ្នាំ ១៩៧៥ នៅពេលចលនារបស់កុំម្មុយនីស្តប៉ាថេតឡាវឡើងកាន់កាប់អំណាច។ សហគ្រាសឯកជនកើនឡើងជាលំដាប់តាំងពីមានកំណែទម្រង់សេដ្ឋកិច្ចនៅទសវត្សរ៍ ៩០។ បច្ចុប្បន្ន ប្រទេសលាវស្ថិតនៅក្នុងចំណោមប្រទេសអន់ថយផ្នែកសេដ្ឋកិច្ចក៏ដូចជាផ្នែកនយោបាយ។ កំណើនសេដ្ឋកិច្ចលាវមាន ៧,២% នៅឆ្នាំ ២០០៦។ សេដ្ចកិច្ចពឹងផ្អែកលើវិស័យកសិកម្ម ដោយប្រជាជនប្រមាណ ៨០% ជាកសិករ។ ប្រទេសលាវមានជនជាតិភាគតិចចម្រុះ ដែលក្នុងនោះ ៧០% ជាជនជាតិលាវ។
ប្រវត្តិសាស្រ្ត
ប្រទេសលាវបច្ចុប្បន្នមានឫសគល់ពីរាជាណាចក្រឡានសាង (រាប់លានដំរី) ដែលបានកកើតឡើងនៅគ្រិស្តសតវត្សរ៍ទី ១៤ ដោយព្រះចៅ ហ្វាងុម ដែលមានខ្សែស្រឡាយតពីព្រះរាជាលាវបុរាណ។ នគរលានជាង ឬ ឡានសាង រីកចម្រើនរហូតមកទល់គ្រិស្តសតវត្សរ៍ទី ១៨ តែក្រោយមក រាជាណាចក្រនេះត្រូវបែកបាក់ជា ៣ ផ្នែក ដែលចុងក្រោយត្រូវបានសៀមត្រួតត្រា។ នៅគ្រិស្តសតវត្សរ៍ទី ១៩ ហ្លួងព្រះបាងបានត្រូវដាក់បញ្ចូលក្នុងអាណាព្យាបាលបារាំងសែសនៅឥណ្ឌូចិន ។ ក្រោយបន្តិចមក តំបន់ចំប៉ាសាក់និងវៀងច័ន្ទន៍ ក៏ត្រូវបានរាប់បញ្ចូលក្នុងអាណាព្យាបាលបារាំងសែសដែរ។ បារាំងសែសសំឡឹងឃើញប្រទេសលាវជារដ្ឋនៅចន្លោះការប្រទាញប្រទង់រវាងចក្រភពអង់គ្លេសនិងចក្រភពបារាំងសែស។ នៅក្រោមអាណាព្យាបាលបារាំងសែស វៀងច័ន្ទន៍ ជាថ្មីម្ដងទៀត បានក្លាយជារដ្ឋធានីរបស់រដ្ឋបង្រួបបង្រួមលាវ។ ឆ្លងកាត់ការកាន់កាប់មួយរយៈខ្លីពីសំណាក់កងទ័ពជប៉ុនក្នុងសង្រ្គាមលោកលើកទី២ រួចមក លាវបានប្រកាសឯករាជ្យនៅឆ្នាំ១៩៤៥។ ប៉ុន្តែ បារាំងសែសបានត្រឡប់មកកាន់កាប់វិញរហូតដល់ឆ្នាំ ១៩៥០ គឺពេលដែលបារាំងបានផ្ដល់ស្វ័យភាពពាក់កណ្ដាលថា ជារដ្ឋចំណុះឲ្យសហព័ន្ឋបារាំងសែស។ លាវបានទទួលឯករាជ្យបរិបូណ៌នៅឆ្នាំ ១៩៥៤ រួចក្លាយជារដ្ឋកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ក្រោមល័ក្ខខ័ណ្ឌលើកលែងមួយក្នុងសន្ធិសញ្ញាទីក្រុងហ្សឺណែវ បេសកកម្មហ្វឹកហ្វឺនយោធាបារាំងបានដើរតួនាទីគាំទ្រកងយោធពលភូមិន្ទលាវ។ នៅឆ្នាំ ១៩៥៥ ក្រសូងការពារជាតិអាមេរិកបានមកជំនួសកងទ័ពបារាំងក្នុងការគាំទ្រកងយោធពលភូមិន្ទលាវប្រឆាំងនឹងពួកកុម្មុយនិស្តប៉ៈថេតឡាវ។
ប្រទេសលាវត្រូវបានអូសចូលទៅក្នុងសង្គ្រាមវៀតណាម ហើយតំបន់ភាគខាងកើតរបស់លាវត្រូវបានលុកលុយកាន់កាប់ពីសំណាក់កងទ័ពវៀតណាមខាងជើងដែលពួកនេះបានប្រើប្រាស់ដែនដីឡាវជាមូលដ្ឋានរៀបចំនិងផ្លូវដឹកជញ្ជូនសព្វាវុធនិងស្បៀងអាហារ ទៅឲ្យកងទ័ពតទល់នឹងកងទ័ពវៀតណាមខាងត្បូង។ ជាការឆ្លើយតប អាមរិកបានបើកយុទ្ឋនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងវៀតណាមខាងជើង ដើម្បីគាំទ្រកម្លាំងប្រឆាំងកុម្មុយនិស្តក្នុងប្រទេសលាវ និងគាំទ្រវៀតណាមខាងត្បូងក្នុងការលុកលុយប្រទេសលាវ។ សកម្មភាពទាំងនេះបានបង្កឲ្យមានការធ្វើរដ្ឋប្រហារជាបន្តបន្ទាប់ ហើយទីបំផុតសង្គ្រាមស៊ីវិលលាវ រវាងរាជរដ្ឋាភិបាលលាវ និងចលនាកុម្មុយនិស្តបប៉ៈថេតឡាវ បានចាប់ផ្ដើម។
នៅក្នុងសង្គ្រាមស៊ីវិលនេះ កងទ័ពវៀតណាមខាងជើងដែលមានអាវុធទំនើបៗ និងរថក្រោះ ស្ថិតនៅពីក្រោយខ្នងពួកប៉ៈថេតឡាវ។ នៅឆ្នាំ ១៩៦៨ កងទ័ពវៀតណាមខាងជើងបានបើកការវាយប្រហារច្រើនភូមិភាគមកលើកងយោធពលភូមិន្ទលាវ ជាហេតុធ្វើឲ្យមានការដាក់ពង្រាយទ័ពទ្រង់ទ្រាយធំមួយ។ បន្តមក មានការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំពីសំណាក់អាមេរិក ដើម្បីកម្ទេចមូលដ្ឋានទ័ពវៀតណាមខាងជើងក្នុងប្រទេសលាវ និងដើម្បីកាត់ផ្ដាច់ផ្លូវលំហូជីមិញ ។ គេនិយាយថា គ្រាប់បែកអាមេរិកទម្លាក់នៅប្រទេសលាវពីឆ្នាំ ១៩៧១ ដល់ ១៩៧៣ ច្រើនជាងទម្លាក់នៅទូទាំងពិភពលោកក្នុងកំលុងសង្គ្រាមលោកលើកទី ២ (គ.ស. ១៩៣៩ ដល់ ១៩៤៥) ទៅទៀត។ ជាសរុប មានគ្រាប់បែកជាង ២ លានតោនត្រូវបានទម្លាក់។
នៅឆ្នាំ ១៩៧៥ កងកម្លាំងកុម្មុយនិស្តបប៉ៈថេតឡាវ ដែលមានការគាំទ្រពីសហព័ន្ឋរុស្ស៊ីនិងវៀតណាមខាងជើង បានទទួលជ័យជំនះលើរដ្ឋាភិបាលរាជានិយម។ ការណ៍នេះបង្ខំឲ្យព្រះចៅ ស៊ីសៈវ៉ាងវឌ្ឍនា (ស្រីស្វាងវឌ្ឍនា) ដាក់រាជ្យ រួចត្រូវបានគេធ្វើគត់ក្រោយពីចាប់ព្រះអង្គបាន។ បន្ទាប់ពីកាន់កាប់ប្រទេសហើយ រដ្ឋាភិបាលប៉ៈថេតឡាវបានដាក់ឈ្មោះថ្មីឲ្យប្រទេសលាវថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) និងបានចុះកិច្ចព្រមព្រៀងឲ្យវៀតណាមដាក់ទ័ពក្នុង ធ្វើជាទីប្រឹក្សាមើលការខុសត្រូវប្រទេស។ នៅទសវត្សរ៍ ១៩៧០ ឡាវត្រូវបានវៀតណាមបញ្ជាឲ្យកាត់ផ្ដាច់ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលកាត់ផ្ដាច់ពាណិជ្ជកម្មឡាវជាមួយបណ្ដាប្រទេសទាំងអស់ លើកលែងតែវៀតណាម។ ការគ្រប់គ្រងដោយវៀតណាមនិងការធ្វើជាសង្គមនិយម បន្តិចម្ដងៗ បានត្រូវជំនួសដោយការបន្ឋូរបន្ថយការដាក់កំហិតសេដ្ឋកិច្ចនៅទសវត្សរ៍ ១៩៨០ និងការអនុញ្ញាតឲ្យចូលជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៧។
ភូមិវិទ្យានិងអាកាសធាតុ
ប្រទេសលាវជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលគ្មានសមុទ្រ។ ក្រៅពីទីក្រុងវៀងចួន្ទន៍
ដែលជារដ្ឋធានី ប្រទេសលាវមានទីក្រុងធំៗ ផ្សេងទៀត ដូចជា ហ្លូងព្រះបាង សួគ៍ ខេត្ត (សៈវ៉ាន់ណៈខេត) និង ប៉ាក់សេ ជាដើម។ តំបន់ទេសភាពលាវសម្បូរដោយភ្នំនិងខ្ពង់រាប។ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលបានដាក់ដីចំនួន ២១% ឲ្យក្លាយជាតំបន់អភិរក្សជីវចម្រុះជាតិ ដែលអាចអភិវឌ្ឍជាឧទ្យានជាតិបាន។ ប្រទេសលាវជាជម្រករបស់សត្វព្រៃកម្រៗ ដូចជា ខ្លាឥណ្ឌូចិន ទន្សោង និងដំរីអាស៊ី ។ ប្រទេសលាវត្រូវបានគេស្គាល់ផងដែរថា ជាប្រទេសនៅតំបន់ត្រីកោណមាសដោយមានផ្ទៃដីដាំដុះអាភៀនប្រមាណ ៣៧០០ ហិកតារនៅឆ្នាំ ២០០៧ (យោងតាមឯកសារ UNODC)។ ប្រទេសលាវស្ថិតនៅតំបន់ត្រូពិចហើយទទួលឥទ្វិពលរបបខ្យល់រដូវ (ខ្យល់ម៉ូសុង)។ ប្រទេសលាវមានរដូវ ២ ដាច់គ្នាស្រឡះ គឺ រដូវវស្សាចាប់ពីខែឧសភាដល់ខែវិច្ឆិកា និងរដូវប្រាំងពីខែធ្នូដល់ខែមេសា។
ផែនទីរដ្ឋបាល
ប្រទេសលាវចែកចេញជា ១៦ខេត្ត(ខ្វែង) និងមានរដ្ឋធានីនៅវៀងចន្ទន៍។
១. ខេត្តខំាមួន (ຄໍາມ່ວນ ) → ទី ៦
៣.ខេត្តជ័យបូរី(ໄຊຍະບູລີ សៃញ៉ៈប៊ូលី ) → ទី ១៥
៤.ខេត្តបកែវ ບໍ່ແກ້ວ → ទី ២
៥. ខេត្តបរិខំាជ័យ (ບໍລິຄໍາໄຊ បរិខាំសៃ) → ទី ៣
៦.ខេត្តផុងសាលី (ຜົ້ງສາລີ ) → ទី ១១
៧.ខេត្តវៀងច័ន្ទន៍ (ວຽງຈັນ Vientiane) → ទី ១៤
៨.ខេត្តសួគ៍ខេត្ត (ສະຫວັນນະເຂດ សៈវ៉ាន់ណៈខេត) → ទី ១២
៩.ខេត្តសារ៉ាវ៉ាន់ (ສາລະວັນ សាឡៈវ៉ាន់ ) → ទី ១១
១០.ខេត្តស៊ៀងខ្វាង (ຊຽງຂວາງ Xiangkhoang) → ទី ១៨
១១.ខេត្តស្រែគង្គ (ເຊກອງ សេកុង Xekong) → ទី ១៧
១២.ខេត្តហ៊ូពាន់ (ຫົວພັນ ហួផាន់ Houaphan) → ទី ៥
១៣.ខេត្តហ្លូងណំាថា (ຫຼວງນ້ຳທາ Louang Namtha) → ទី ៧
១៤.ខេត្តហ្លួងព្រះបាង(ຫຼວງພະບາງ Louangphabang) → ទី ៨
១៥.ខេត្តអាចម៍ក្រពើ(ອັດຕະປື អ័ត្តាពើ Attapeu) → ទី ១
១៦.ខេត្តឧត្តមមានជ័យ (ອຸດົມໄຊ អ៊ុដុំសៃOudomxai) → ទី ៩
១៧.ជ័យសម្បូរ( ជ័យសុំប៊ូន) (ជាតំបន់រដ្ឋបាលពិសេស ត្រូវបំបាត់ចោលនៅឆ្នាំ ១៩៩៦) → ទី ១៦
១៨.នគរវៀងចន្ទន៍រឺ រដ្ឋធានីវៀងច័ន្ទន៍ (ນະຄອນຫຼວງວຽງຈັນ ណាខន ហ្លួងវៀងចន្ទ៍ Vientiane) → ទី ១៣ ។
សេដ្ឋកិច្ច
តាំងពីឆ្នាំ ១៩៨៦ រដ្ឋាភិបាលឡាវបានចាប់ផ្ដើមធ្វើវិមជ្ឍការនិងជំរុញឲ្យមានសហគ្រាសឯកជន។ សេដ្ឋកិច្ចឡាវពឹឮងផ្អែកខ្លាំងទៅលើការវិនិយោគនិងពាណិជ្ជកម្មជាមួយប្រទេសជិតខាង ដែលធំជាងនិងមានជាង។ តំបន់ភាគច្រើននៃប្រទេសខ្វះខាតហេដ្ឋារចនាសម្ព័ន្ឋសមស្រប។ ប្រទេសលាវគ្មានផ្លូវដែកទេបាទ។ ផ្លូវថ្នល់សំខាន់ៗ ដែលតភ្ជាប់ទីក្រុងធំៗ បានទទួលការជួសជុលកែលំអនាពេលថ្មីៗ នេះ។ ក៏ប៉ុន្ដែ ភូមិស្រុកដែលនៅដាច់ឆ្ងាយពីផ្លូវធំៗ អាចចូលទៅបានតែតាមរយៈផ្លូវលំ។ ទូរគមនាគមន៍ប្រើខ្សែនៅមានកម្រិតនៅឡើយ ខណៈទូរស័ព្ទដៃកំពុងត្រូវបានប្រើយ៉ាងទូលំទូលាយនៅទីក្រុង។ នៅតំបន់ជនបទ ភ្លើងអគ្គិសនីត្រូវបានផ្គត់ផ្គង់ក្នុងរយៈពេលដែលបានកំណត់ប៉ុណ្ណោះផ្សារមួយនៅហ្លួងព្រះបាង ផលិតផលក្នុងស្រុកពាក់កណ្ដាល បានពីវិស័យកសិកម្មដែលប្រើប្រាស់ប្រជាជន ៨០% របស់ប្រទេស។ ប្រទេសលាវជាប្រទេសដែលមានផ្ទៃដីដាំដុះអចិន្ត្រៃយ៍តិចជាងគេនៅក្នុងមហាអនុតំបន់មេគង្គ ។ ផ្ទៃដីដាំដុះមានតែ ៤,០១% ចំណែកផ្ទៃដីដាំដុះអចិន្ត្រៃយ៍ មានតែ ០,៣៤% ប៉ុណ្ណោះ។ ស្រូវជាដំណាំសំខាន់ជាងគេ ដែលប្រើប្រាស់ ៨០% នៃផ្ទៃដីដាំដុះសរុប។ ប្រហែល ៧៧% នៃស្រែចម្ការឡាវផ្ដល់ទិន្នផលសម្រាប់តែតាមគ្រួសារប៉ុណ្ណោះ។ តាមរយៈកំណែទម្រង់សេដ្ឋកិច្ចរួម មានការអភិវឌ្ឍពូជស្រូវ ឡាវបានរកលំនឹងរវាងការនាំចេញនិងនាំចូលអង្ករបានជាលើកដំបូងនៅឆ្នាំ ១៩៩៩។ ពីឆ្នាំ ១៩៩០ ដល់ ២០០៥ ផលិតផលអង្ករកើនឡើងពី ១,៥ លានតោន មក ២,៥ លានតោន។ ប្រទេសលាវប្រហែលជាប្រទេសដែលមានពូជស្រូវច្រើនប្រភេទជាងគេក្នុងមហាអនុតំបន់មេគង្គ។ តាំងពីឆ្នាំ ១៩៩៥ មក រដ្ឋាភិបាលឡាវបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវពូជស្រូវអន្តរជាតិ (International Rice Research Institute (IRRI) ) ដើម្បីប្រមែប្រមូលគំរូគ្រាប់ពូជរាប់ពាន់ប្រភេទ ដែលគេរកឃើញនៅប្រទេសលាវ។
សេដ្ឋកិច្ចឡាវទទួលជំនួយពីមូលនិធិរូបិយប័ណ្ណអន្តរជាតិ និងប្រភពអន្តរជាតិដទៃទៀតបាទ និងពីការវិនិយោគទុនពីបរទេសក្នុងវិស័យកែច្នៃអាហារនិងរ៉ែ (ជាពិសេស ទង់ដែងនិងមាស) ។ វិស័យទេសចរណ៍ជាឧស្សាហកម្មរីកចម្រើនលឿនជាងគេនៅប្រទេសលាវ។ តែទោះជាយ៉ាងណាក្តី សេដ្ឋកិច្ចឡាវត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីបាតុភូតលំហូរចេញនូវធនធានមនុស្ស។ តាមការសិក្សាមួយនៅឆ្នាំ ២០០៥ របស់ធនាគារពិភពលោក បានរាយការណ៍ថា ៣៧% នៃអ្នកចេះដឹងរបស់ឡាវរស់នៅបរទេស។
ប្រជាជននិងសាសនា
៦៩% នៃប្រជាជនឡាវជាជនជាតិលាវ ។ ក្រុមនេះកាន់កាប់តំបន់ទំនាប និងដើរតួនាទីចម្បងក្នុងវិស័យនយោបាយនិងវប្បធម៌។ ជនជាតិលាវស្ថិតក្នុងអំបូរជនជាតិតៃ ដែលបានធ្វើដំណើរមកពីចិននៅដើមគ្រិស្តសករាជ។ ៨% ទៀតដែលនៅតំបន់ទំនាបដែរ រួមគ្នាជាមួយជនជាតិលាវបង្កើតជា ឡាវលុំ (លាវទំនាប)។ អ្នកស្រុកភ្នំនិងជនជាតិភាគតិចនៅប្រទេសឡាវ មានជនជាតិហ្មុង (មៀវ) ជនជាតិយ៉ាវ (មៀន) ជនជាតិតៃដាំ (តៃខ្មៅ) ជនជាតិដាវ ជនជាតិសាន (ថៃធំ) និងជនជាតិនិយាយភាសាទីបេ-ភូមាជាច្រើនទៀត ឃើញមានរស់នៅតំបន់ដាច់ស្រយាលនៃប្រទេសឡាវ។ កុលសម្ព័ន្ឋភ្នំចម្រុះជាតិសាសន៍ វប្បធម៌ និងភាសា ឃើញមានរស់នៅភាគខាងជើង រួមមានជនជាតិលួ និងជនជាតិឃ្មុ ដែលជាជនជាតិដើមនៅឡាវ។ បច្ចុប្បន្ន ជនជាតិលួស្ថិតក្នុងសភាពជិតផុតពូជ។ ជនជាតិដើមទាំងនេះត្រូវគេដាក់ឈ្មោះថា ឡាវស៊ូង
(ឡាវលើ)។ នៅភាគកណ្ដាលនិងតំបន់ភ្នំភាគខាងត្បូង ជាកុលសម្ព័ន្ឋមន-ខ្មែរ ដែលគេដាក់ឈ្មោះថា ឡាវថឺង (ឡាវជម្រាលភ្នំ)។ ក្រុមជនជាតិចិននិងវៀតណាមច្រើនមាននៅទីក្រុង។
(ឡាវលើ)។ នៅភាគកណ្ដាលនិងតំបន់ភ្នំភាគខាងត្បូង ជាកុលសម្ព័ន្ឋមន-ខ្មែរ ដែលគេដាក់ឈ្មោះថា ឡាវថឺង (ឡាវជម្រាលភ្នំ)។ ក្រុមជនជាតិចិននិងវៀតណាមច្រើនមាននៅទីក្រុង។
សាសនាចម្បងនៅឡាវ គឺព្រះពុទ្ឋសាសនាថេរវាទ ដែលលាយឡំជាមួយសាសនាព្អ្នកតា (ជំនឿជីវចល) ដែលបណ្តាកុលសម្ព័ន្ឋភ្នំទាំងឡាយប្រតិបត្តិ។ មានអ្នកកាន់គ្រិស្តសាសនាមួយចំនួនតូចដែរនៅក្បែរៗ រដ្ឋធានីវៀងច័ន្ទណ៍។ មុស៊្លិមច្រើនមាននៅតំបន់ក្បែរប្រទេសភូមា។
ភាសាផ្លូវការនៅឡាវគឺភាសាលាវដែលស្ថិតក្នុងអំបូរភាសាតៃ។ ភាសាបារាំងដែលមានប្រើជាទូទៅក្នុងជួររដ្ឋាភិបាលនិងពាណិជ្ជកម្ម បានចុះទន់ខ្សោយបន្ដិចម្ដងៗ ខណៈការប្រើប្រាស់ភាសាអង្គគ្លេស បានកើនឡើងជាលំដាប់។
វប្បធម៌
ព្រះពុទ្ឋសាសនាថេរវាទមានឥទ្ឋិពលជាចម្បងដល់វប្បធម៌លាវ ដែលបញ្ជាក់ឲ្យឃើញតាមរយៈភាសា វត្តអារាម សិល្បៈ អក្សរសាស្ត្រ ជាដើម។ ទោះជាបែបនេះក្ដី ធាតុផ្សំនៃវប្បធម៌លាវមួយចំនួន មានមុនការមកដល់នៃព្រះពុទ្ឋសាសនា។ តួយ៉ាងដូចជា គែន ដែលជាឧបករណ៍តន្ត្រីរបស់ជាតិ មានកំណើតតាំងពីបុរេប្រវត្តិមកម៉្លេះ។
ប្រទេសលាវមានបេតិកភណ្ឌពិភពលោកចំនួន ២ គឺហ្លួងព្រះបាងនិងវត្តភូ ។
ស្រូវជាអាហារចម្បងនៅប្រទេសលាវ។ ហេតុនេះមានពិធីសាសនានិងប្រពៃណីជាច្រើនទាក់ទិននឹងការបង្កបង្កើនផលស្រូវ ដែលកុលសម្ព័ន្ឋនានាតែងប្រតិបត្តិ។ ឧទាហរណ៍ អ្នកស្រែជនជាតិឃ្មុនៅហ្លួងព្រះបាងដាំស្រូវប្រភេទខាវកាំក្នុងបរិមាណតិចតួចមួយនៅក្បែរខ្ទម ជាការរំលឹកគុណដល់មាតាបិតារបស់គេដែលបានចែកឋានទៅ ឬក៏ដាំនៅក្បែរភ្លឺស្រែដើម្បីបញ្ជាក់ថា មាតាបិតារបស់គេនៅមានជីវិត។
Comments
Post a Comment